អំពីក្លាហាន9

k9
ក្លាហាន9
  គឺជាកម្មវិធីកម្សាន្ត ផ្តល់ព័ត៌មាន និង​ មានលក្ខណៈជាប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ នៅលើទូរទស្សន៍​   វិទ្យុ ប្រព័ន្ធអ៊ីនធឺណេត ក្នុងគោលបំណងគាំទ្រដល់យុវជនកម្ពុជាដើម្បីធ្វើឲ្យជីវិត

របស់ពួកគេ​មានភាពប្រសើរឡើងតាមរយៈការផ្តល់នូវព័ត៌មានពី​ឪកាស និងសុវត្ថិភាពការងារ  ការចរចារជាមួយគ្រួសារ និងអ្នកសម្រេចចិត្តផ្សេងទៀតជុំវិញបញ្ហាការងារ។​

យុវជននៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះនូវបញ្ហាគ្មានការងារធ្វើកម្រិតខ្ពស់ ហើយការ​ប្រកួតប្រជែងក្នុងទីផ្សារការងារកំពុងមានភាពតានតឹង។​ ការស្វែងរកបទពិសោធន៍ការងារមានភាព​លំបាក ហើយ យុវវ័យភាគច្រើនមានបញ្ហាក្នុងការស្វែងរកការណែនាំ និងវគ្គបណ្តុះបណ្តាលស្តីពីការងារ។ សម្រាប់អ្នកដែលកំពុងធ្វើការអាចជួបប្រទះនូវបញ្ហាចំណូលទាប កិច្ចសន្យាការងារដែលមិនផ្លូវការ ការហ្វឹកហាត់ការងារដែលមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ   និងម៉ោងធ្វើការយូរ។ បន្ថែមពីនេះក៏មានបញ្ហាសម្រាប់យុវវ័យខ្មែរដែលចង់ធ្វើចំណាក ស្រុកទៅកាន់ប្រទេសផ្សេងៗ  ប៉ុន្តែ​មិនមាន​​ការរៀបចំឲ្យបានគ្រប់គ្រាន់ក្នុងការចាកចេញ។​

កម្មវិធីក្លាហាន9មានគោលបំណងបង្ហាញពីបញ្ហាទាំងអស់នេះនៅលើកញ្ចក់ទូរទស្សន៍  វិទ្យុ និងប្រព័ន្ធអ៊ីនធឺណេតតាមរយៈ ការធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញខាងមុខរបរ កម្មវិធីសន្ទនាតាមទូរសព្ទ ការលេងល្បែងដែលមានភាពច្នៃប្រឌិត និងភាពយន្តបែបអប់រំ។ ការសម្តែងទាំងអស់នេះនឹងផ្តោតលើប្រធានបទផ្សេងៗដូចជា៖វិធីសាស្ត្រក្នុងការស្វែងរកការងារឲ្យមានប្រសិទ្ធិភាព   ការចរចារជាមួយអាណាព្យាបាល និងនិយោជក ការសរសេរប្រវត្តិរូបសង្ខេប និងការធ្វើបទសម្ភាសន៍   សុវត្ថិភាពនៅកន្លែងការងារ  សិទ្ធិនិងទំនួលខុសត្រូវ​របស់និយោជិក  ការធ្វើចំណាកស្រុក  និងហានិភ័យផ្សេងៗដែលបង្កើតឡើង ដោយមេខ្យល់។ បន្ថែមពីនេះសម្រាប់ប្រជាជនខ្មែរមួយចំនួនដែលចង់បង្កើតការងារដោយខ្លួនឯង  គម្រោងនេះនឹងផ្តល់ការ គាំទ្រ​​ដល់ពួកគេក្នុងការបង្កើតនូវអាជីវកម្មផ្ទាល់ខ្លួន​ឬក៏បង្កើនផលិតភាពកសិកម្ម។

ក្លាហាន9នឹងធ្វើការចាក់ផ្សាយតាមទូរទស្សន៍នៅខែធ្នូ ឆ្នាំ២០១៥នេះ។ ការផ្សាយតាមវិទ្យុ ធ្វើឡើងជារៀងរាល់​ថ្ងៃអាទិត្យ វេលាម៉ោង6ដល់ម៉ោង7ព្រឹក តាមរយៈវិទ្យុ​FM១០៣។  ប្រសិនបើលោកអ្នកខកខានក្នុងការស្តាប់តាមវិទ្យុ    លោកអ្នកក៏អាចចូលទៅគេហទំព័រ និង ហ្វេសប៊ុករបស់ក្លាហាន9​ដើម្បីស្តាប់ការចាក់ផ្សាយឡើងវិញ។

កម្មវិធីក្លាហាន9 ផលិតដោយអង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា(UNDP) និងស្ថានទូតស៊ុយអែដប្រចាំនៅប្រទេសកម្ពុជា។