រឿងខ្ញុំ – Catherine Harry

Catherine-Harry-

«ខ្ញុំធ្វើការផង រៀនផង និងត្រូវទុកពេលឲ្យខ្លួនឯងផង អញ្ចឹង​ខ្ញុំ​ត្រូវ​រៀន​ពី​របៀប​គ្រប់​គ្រង​ពេល​វេលា​ដោយ​ខ្លួន​ឯង​តាម​រយៈការងារ ហើយពេលធ្វើការយូរទៅ វាបានបង្រៀនខ្ញុំឲ្យចង់បត់បែន និង​យល់​ពី​របៀប​គ្រប់​គ្រង​ការងារ​ប្រកបដោយប្រសិទ្ធិភាព។

ក្នុង​រយៈពេលពីរ​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​បាន​ដូរ​មក​ធ្វើ​ការ​ក្រៅ​ម៉ោង​វិញ ​ព្រោះ​ការងារ​ក្រៅ​ម៉ោង​ជួយ​ខ្ញុំ​ឲ្យមាន​ពេល​សម្រាប់​ខ្លួន​ឯង​បានច្រើ​នជាង។ ក្រៅពីនេះ ខ្ញុំក៏មានការងារធំ តូច ៤ទៀតនៅខាងក្រៅដែរ។ ការ​​ពិត​ទៅ​ខ្ញុំ​មិន​មែន​ចាប់​ធ្វើ​វា​ម្តងទាំង​អស់​ក្នុង​ពេល​តែមួយទេ ប៉ុន្តែការងារវាចេះតែធ្លាក់មកម្តងមួយៗ។ វា​មើល​ទៅ​ច្រើន​មែន ប៉ុន្តែ​ខ្ញុំ​អាច​គ្រប់​គ្រង​វាបានល្អ ដោយសារខ្ញុំយល់ពីពេលវេលាដែលខ្ញុំមានសម្រាប់កិច្ចការនីមួយៗ។

ខ្ញុំមិនដែលឲ្យការងារប៉ះពាល់ការសិក្សា និងជីវិតឯកជនទេ។ ខ្ញុំ​តែង​មាន​កំណត់​ហេតុ​ពី​ការងា​រដែលខ្ញុំត្រូវសម្រេច​ប្រចាំថ្ងៃ និងប្រចាំអាទិត្យ ហើយ​ខ្ញុំ​តែង​កត់​ត្រាថ្ងៃ​ខែ​ដែល​ខ្ញុំ​ត្រូវ​បញ្ជូន​លទ្ធផល​​ការងារឲ្យទៅគេ។ ខ្ញុំតែងរំលឹកមើលបញ្ជីជារៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា​អី​ដែល​បាន​ធ្វើ និង​អីដែល​មិន​ទាន់​បានធ្វើ និងបែងចែងការងារដែលប្រញាប់ខ្លាំង និងប្រញាប់ល្មម។ ការពិតទៅ ការងារ​​ខ្ញុំ​ទទួល​ធ្វើ​ សុទ្ធ​តែ​ជា​ការងារ​នៅ​ក្នុង​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ ដែលជាមុខវិជ្ជាខ្ញុំរៀនរាល់ថ្ងៃ អញ្ចឹងធ្វើកាន់តែច្រើន ខ្ញុំ​ចេះ​ពី​វា​កាន់​តែ​ច្រើន​ដែរ។ ម្យ៉ាង ការងារដែលធ្លាក់មក វាតែងតែថ្មីជានិច្ច ហើយវាល្អជាជាង យើង​អង្គុយ​ធ្វើការ​ដដែលៗ​រាល់​ថ្ងៃ​។​ វាក៏​មិន​អាក្រក់​ទេ​ដែលយើងចង់ប្រឡងប្រណាំងសមត្ថភាពខ្លួនឯងតាមរយៈការងារថ្មីៗ ព្រោះ​ឆ្លង​តាម​បទពិសោធន៍​នេះ ខ្ញុំ​អាច​ពង្រឹង​សមត្ថភាពខ្ញុំពីមួយកម្រិតទៅមួយកម្រិត។

ពេលវេលាចេះតែរំកិលទៅមុខ ជីវិតកាន់តែប្រែប្រួល ហើយ​ទៅ​ថ្ងៃ​មុខ គម្រោងរបស់ខ្ញុំគឺធ្វើការ រស់នៅ ដោយ​ប្រើ​វិធី​ខុសពីមនុស្សមួយចំនួនធំ។ សំខាន់​គឺ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការងារ​ណា​ដែល​ខ្ញុំ​ចូលចិត្ត ហើយពេលក្រោកពេលគេង ខ្ញុំ​តែង​គិត​ទៅមុខ និងសម្លឹងមើលអ្វីដែលខ្ញុំត្រូវសម្រេចក្នុងមួយថ្ងៃៗ។ គ្មាន​​នរណាម្នាក់អាចរស់នៅរហូតបានទេ ហើយ​ក៏​គ្មាន​នរណា​ដឹង​ថា​ម្នាក់ៗ​នៅ​សល់​ពេល​ច្រើន​ប៉ុន​ណា​ក្នុង​ជីវិត​ទេ អញ្ចឹងហើយខ្ញុំមិនដែលឲ្យ ពេល​វេលា កន្លងផុតទៅដោយទទេៗទេ។»

Catherine Harry អាយុ២១​ឆ្នាំ ជានិស្សិតឆ្នាំទី៣ និងជាអ្នកសរសេរអត្ថបទកាសែត អ្នកសរសេរ Blog និងក្រុម​បកប្រែឯកសារផងដែរ។

You may also see...