រឿងខ្ញុំ – ឈន ជឿន

Feature

«ខ្ញុំ​សម្រេច​ចិត្ត​ឈប់​រៀន​នៅ​ថ្នាក់​ទី៧​ មក​ធ្វើ​ការ​ជា​កម្មករ​កាត់​ដេរ​ក្នុង​រោង​ចក្រ​នៅ​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​បន្ទុក​គ្រួសារ​ដែល​មាន​គ្នា​១១​នាក់​ បង​ប្អូន​ខ្ញុំ​គ្មាន​អ្នក​ណា​រៀន​បាន​ខ្ពស់​ទេ​ ភាគ​ច្រើន​ឈប់​រៀន​នៅ​ថ្នាក់​ទី១​ ទី២​អី​ហ្នឹង​។ មក​ធ្វើ​ការ​ដំបូង​ខ្ញុំ​មិន​ចេះ​ដេរ​ទេ​ ខ្ញុំ​មក​កាន់​ផ្នែក​អ៊ុត​ ដោយ​ការ​ងារ​ផ្នែក​នេះ​លំបាក​ពេក​ព្រោះ​យើង​ត្រូវ​ ឈរ​យូរ​ ខ្ញុំ​ក៏​សុំ​គេ​ទៅ​ផ្នែក​ដេរ​ម្តង​ ដែល​ទទួល​បាន​ប្រាក់​ខែ​តែ ​៤៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​អ្នក​មិន​ទាន់​ចេះ​ ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​ទទួល​បាន​ប្រាក់​ខែ​៥០​ដុល្លារ​ដូច​កម្មករ​ដទៃ​បន្ទាប់​ពី​ខ្ញុំ​ចេះ​ដេរ​ស្ទាត់​។ ធ្វើ​ការ​នៅ​រោង​ចក្រ​៦​ឆ្នាំ​ខ្ញុំ​មិន​មាន​សល់​លុយ​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​ផ្ញើ​មក​ផ្ទះ​ជា​រៀង​រាល់​ខែ​ប្រ​ហែល​៣០​ដុល្លារ​ ២០​ដុល្លារ​ទៀត​ទុក​សម្រាប់​ថ្លៃ​ផ្ទះ​ជួល​ ទឹក​ភ្លើង​ និង​ការ​ហូប​ចុក។

ក្រោយ​មក​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ និង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ធ្វើ​ជា​កម្មករ​ក្នុង​រោង​ចក្រ​ផលិត​នំ​មួយ​។​ ធ្វើ​ការ​នៅ​ប្រទេស​គេ​ក៏​មិន​ស្រួល​ដែរ​ យើង​ត្រូវ​ធ្វើ​ការ​ដូច​ជា​ម៉ា​ស៊ីន​អី​ចឹង​ ត្រូវ​ធ្វើ​ឲ្យ​លឿន​ ដំ​បូង​ខ្ញុំ​ដាក់​នំ​ស្ទើរ​តែ​មិន​ទាន់​ម៉ា​ស៊ីន​ទេ​ ហើយ​បើ​មិន​រហ័ស​ប្រា​កដ​ជាម៉ា​ស៊ីន​ស៊ី​ដៃ​ដាច់​ហើយ​ តែ​យ៉ាង​ណា​ក៏​បាន​ប្រាក់​ខែ​ច្រើន​ជាង​ នៅ​ស្រុក​ខ្មែរ​ដែរ​។ ពេល​ខ្ញុំ​មក​លេង​ស្រុក​បង​ស្រី​ជី​ដូន​មួយ​ខ្ញុំ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ឲ្យ​មក​រៀន​ដេរ​ច្នៃ​ម៉ូត​ជា​មួយ​គាត់​ ព្រោះ​មិន​ទៅ​ឆ្ងាយ​ស្រុក​ និង​ទទួល​បាន​ប្រាក់​កម្រៃអាច​ចិញ្ចឹម​ជីវិត​បាន​។ ចប់​បី​ឆ្នាំ​នៅ​ម៉ាឡេស៊ី​ខ្ញុំ​ក៏​ត្រ​លប់​មក​ស្រុក​ខ្មែរ​វិញ​ហើយ​ ក៏​ចាប់​ផ្តើម​រៀន​ដេរ​ម៉ូត​ជា​មួយ​បង​ជី​ដូន​មួយ​ខ្ញុំ​ ព្រោះ​គិត​ថា​វា​ជា​ជំនាញ​មួយ​ដែល​ទៅ​ថ្ងៃ​មុខ​ទៅ​ខ្ញុំ​អាច​ប្រើ​វា​មក​ចិញ្ចឹម​ជីវិត​បាន​។ ការ​ដេរ​ម៉ូត​គឺ​មិន​ងាយ​ស្រួល​ទេ​ វា​ទាម​ទារ​ឲ្យ​យើង​មាន​ដុង​ផង​ និង​ការ​អត់​ធ្មត់​ខ្ពស់​ផង​ អ្នក​ខ្លះ​ចំណាយ​ពេល​រាប់​ឆ្នាំ​ក៏​នៅ​តែ​មិន​អាច​ច្នៃ​ម៉ូត​បាន​ដែរ​។ ខ្ញុំ​ខំ​ប្រឹង​គ្មាន​ពេល​សម្រាក​ទេ ​រយៈ​ពេល​បី​ខែ​ ខ្ញុំ​ក៏​អាច​ច្នៃ​ម៉ូត​ខ្លួន​ឯង​បាន​។ ឥឡូវ​ខ្ញុំ​ធ្វើ​ការ​លើ​អាជីព​នេះ​ជិត​បាន​ពីរ​ឆ្នាំ​ហើយ​ ខ្ញុំ​មាន​សេរី​ភាព​ជាង​កាល​ដែល​ខ្ញុំ​នៅ​ធ្វើ​ការ​រោង​ចក្រ​ និង​មាន​ចំណូល​ច្រើន​ជាង​មុន​ ដែល​អាច​ផ្ញើ​ទៅ​ផ្ទះ​បាន​ខ្លះ ​និង​សន្សំ​ទុក​ខ្លួន​ឯង​បាន​ខ្លះ​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​មាន​លុយ​គ្រប់​គ្រាន់​ ខ្ញុំ​នឹង​បើក​កន្លែង​ច្នៃ​ម៉ូត​ខ្លួន​ឯង​មួយ​។»

កញ្ញា ឈន​ ជឿន​ បច្ចុប្បន្ន​ជា​ជាង​ច្នៃ​ម៉ូត​សំ​លៀក​បំ​ពាក់​នៅ​ហាង​ឯក​ជន​មួយ​។

You may also see...