រឿងខ្ញុំ – ហង្ស សុរិយ៉ាន់

 

Hang-Soriyan

«ខ្ញុំ​ស្រលាញ់​ការ​ដើរ​ម៉ូត​នេះ​តាំង​ពី​អាយុ​១០​ឆ្នាំ​មក​ម៉្លេះ​ ហើយ​ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​ ខ្ញុំ​ចង់​ដាក់​ពាក្យ​ប្រឡង​បរវកញ្ញា​ណាស់​ តែ​ពេល​នោះ​ ខ្ញុំ​មើល​ឃើញ​ថា​ការ​ប្រឡង​នានា​ដូច​ជា​មិន​ទាន់​រៀប​ចំ​បាន​ល្អ​ និង​មាន​ស្តង់​ដារ​ខ្ពស់​ប៉ុន្មាន​ទេ​។ តែ​ដល់​ពេល​ឃើញ​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា​ (Cambodia’s Next Top Model) ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​ភ្លាម​ ព្រោះ​មើល​ឃើញ​ថា​ កម្ម​វិធី​នេះ​ដើរ​តាម​ស្តង់​ដារ​ពិភព​លោក​។

ឪពុក​ម្តាយ​ខ្ញុំ​អត់​ថា​អី​ទេ​ ពី​រឿង​ខ្ញុំ​ចូល​ប្រឡង​ ប៉ុន្តែ​ បង​ប្អូន​ និង​មិត្ត​ភក្តិ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​ខ្ញុំ​ទេ​ ព្រោះ​ពួក​គាត់​នៅ​តែ​ប្រ​កាន់​គោល​ជំហរ​អវិជ្ជមាន​ចំពោះ​អាជីព​ជា​តារា​ម៉ូដែល​ ដោយ​គិត​ថា​ធ្វើ​ការ​ខាង​នេះ​អាច​រង​ការ​ឈឺ​ចាប់​ច្រើន​។  ពាក្យ​សម្តី​ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ និង​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ​ចេញ​ និង​ចង់​ឲ្យ​ពួក​គាត់​ត្រ​លប់​មក​គិត​វិញ​ថា​ ខ្ញុំ​ធ្វើ​ការ​ងារ​នេះ​គឺ​ដោយ​សារ​សមត្ថ​ភាព​ពិត​ប្រាកដ​របស់​ខ្ញុំ​ មិន​មែន​យក​អ្វី​ផ្សេង​មក​ប្តូរ​ទេ។

អ្នក​ខ្លះ​សួរ​ខ្ញុំ​ថា​ ធ្វើ​ម៉េច​បាន​ជាប់​ជា​តារា​បង្ហាញ​ម៉ូត​លំដាប់​ពិភព​លោក​នេះ​? អ្វី​ដែល​ខ្ញុំ​ប្រាប់​ពួក​គាត់​គឺ​ រាល់​ ជោគ​ជ័យ​ទាំង​អស់​វា​មិន​កើត​ឡើង​ដោយ​ចៃ​ដន្យ​នោះ​ទេ​។  តាំង​ពី​ដាក់​ពាក្យ​មក​ម្ល៉េះ​ ខ្ញុំ​បាន​រៀន​តាម​ YouTube ពី​របៀប​នៃ​ការ​ដើរ​ម៉ូត​របស់​អ្នក​ល្បីៗ​ និង​ដើរ​សួរ​រៀម​ច្បង​ពី​វិធី​ដើរ​ម៉ូត​ឲ្យ​ស្អាត​ ឬ​ឈរ​ឲ្យ​ស្អាត​ជា​ដើម​។ ប្រសិន​បើ​យើង​អត់​ដឹង​ យើង​ត្រូវ​តែ​សួរ​គេ​ឲ្យ​ច្រើន​ ស្តាប់​គេ​ឲ្យ​ច្រើន​ ហើយ​យក​វា​មក​បញ្ចូល​គ្នា​ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួន​ឯង​។ សំខាន់​មួយ​ទៀត​នោះ​ គឺ​ត្រូវ​ហ្វឹត​ហាត់​នៅ​មុខ​កញ្ចក់​ឲ្យ​បាន​ច្រើន​ មាន​កម្ពស់​ខ្ពស់​ រាង​ស្រឡូន​ ចេះ​ទាំង​គោ​រព​ពេល​វេលា​។ ពេល​ទៅ​ថត​ម្តងៗ​ គួរ​តែ​ទៅ​ដល់​ឲ្យ​បាន​មុន​ម៉ោង​យ៉ាង​តិច​កន្លះ​ម៉ោង​មុន​ និង​ចេះ​រួស​រាយ​រាក់​ទាក់​ មិន​វាយ​ឬក​។ »

កញ្ញា​ ហង្ស​ សុរិយ៉ាន់​ ជ័យ​លាភី​លេខ​៤​ ក្នុង​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា​។

 

You may also see...