រឿងខ្ញុំ – ក្រុម LiGeek

LiGeek

«ពេល​ចាប់ផ្តើមសសេរកម្មវិធី (App) ដាក់ចូលរួមក្នុងកម្មវិធី Technovation Cambodia 2016 ​ពួក​យើង​មាន​គំនិតផ្សេងៗពី​គ្នា​​តែ​ទាក់​ទង​​នឹងរឿងកសិកម្មទាំងអស់​ ​អញ្ចឹង​ទៅ​យើង​ក៏​សម្រេច​ថា​នឹង​បង្កើត​ App ​សម្រាប់​ជួយ​កសិករ​លក់​ដូរ​​កសិផល​​របស់ពួកគាត់។ ពួក​ខ្ញុំ​ដឹង​ថា​ ​នៅ​ស្រុក​ខ្មែរ មាន​កសិករ​ច្រើន​ណាស់​ ហើយ​កាល​នៅ​ស្រុក​ ​ខ្ញុំ​តែង​ឃើញ​ឈ្មួល​កណ្តាល​ដើរ​ទិញ​ដំណំា​ពី​គ្រួសារ​ពួកខ្ញុំ​ ​និង​អ្នក​ភូមិ​ ​តែ​ខ្ញុំ​គិត​ថា​ចុះ​ហេតុ​អី​បាន​ជា​ពួក​គាត់​មិន​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ទាល់​តែ​ម្តង​ទៅ​។ ​ដំបូងពួក​ខ្ញុំ​គិត​ថា​ ​វា​កើត​ឡើង​តែ​នៅភូមិខ្ញុំមួយទេ តែ​ពេល​ឡើង​​មក​រៀន​នៅ​ភ្នំពេញ​ និង​បាន​ជួប​អ្នក​មក​ពី​ខេត្ត​ផ្សេងៗ​ទៀត​ ទើប​ពួក​ខ្ញុំ​ដឹង​ថា​រឿង​នេះ​ក៏កើត​ឡើង​នៅ​កន្លែង​ផ្សេងៗ​ដែរ​។ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ក្រុមខ្ញុំ​នឹក​ឃើញ​ថា​ App ​ដែលពួកខ្ញុំនឹងបង្កើត អាច​ជួយ​សម្រួលការលក់ដូររបស់កសិករបាន​ ​ព្រោះ​ App​ នេះនឹង​ជួយ​ពួក​គាត់​លក់​កសិផល​ទៅ​អ្នក​ប្រើប្រាស់​ផ្ទាល់​តែ​ម្តង​ដោយ​មិន​ចាំ​បាច់​ឆ្លង​តាម​ឈ្មួញ​កណ្តាល​។

​ពួក​យើង​ក្មេង​មែន​ ​តែបើខំ​រៀនក៏​គង់​តែ​ចេះ​ដូច​តែគ្នាដែរ​។ ​ពេល​រៀន​សរសេរ​កូដដំបូង ​វា​​លំបាក​មែន​ ​ហើយឈឺក្បាលណាស់ពេលកូដអត់ដំណើរការម្តងៗ ប៉ុន្តែ​ពួកខ្ញុំ​គិត​ថា​ ​បើ​ខំ​ប្រឹង​ពី​តូចៗ​ទៅ​ ​នៅ​ពេល​ធំ​ឡើង​ ពួកយើង​នឹង​អាច​ធ្វើ​អី​បាន​ធំ​ជាង​ ​និង​អាចយកចំណេះដឹងទៅធ្វើអីផ្សេងទៀតបានកាន់តែច្រើន​។ ក្នុង​ចូល​រួម​កម្មវិធី​នេះ​ ​ពួក​យើង​រៀន​បាន​ខ្លះៗ​ពី​ Java Script Block Code និងការ​សរសេរ​គម្រោង​អាជីវកម្ម​​។

ទោះ​​កម្មវិធី​បាន​បញ្ចប់​ទៅ​ក៏​ដោយ​ ​ក៏​ពួក​យើង​នឹង​ចំណាយ​ពេល​មួយ​ឆ្នាំ​ទៀត​ដើម្បី​ពង្រីង​សមត្ថភាព​ App នេះ​អោយកាន់តែប្រសើរឡើង។ ក្នុង​គម្រោង​​ពួកយើង បើ​បងប្អូន​កសិករ​មិន​ចេះ​បង្ហោះ​ព័ត៌មានកសិផលរបស់គាត់ យើង​នឹង​ជួយ​បង្ហោះ​ឲ្យ​គាត់​ ដោយ​ពួក​គាត់​គ្រាន់​តែ​ថត​រូប​កសិផល​ ​រួច​ផ្ញើ​មកកាន់​ពួក​យើង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ។ ​ពួក​ខ្ញុំ​ក៏​ចង់​ដាក់​ Monitor ​តាម​ភូមិ​ឃុំផងដែរ​ ដើម្បី​អាចជួយ​ឲ្យ​អ្នក​ភូមិ​តាមដានពី​តម្លៃ​កសិផល​នៅ​លើ​ទីផ្សារ​ ​និង​ជួយ​ពួក​គាត់​គិត​ពី​​ទីផ្សារជាមុន មុន​នឹង​សម្រេច​ចិត្ត​ដាំដុះ។​

ឥឡូវ ពួក​យើង​កំពុង​តែ​ខំ​ប្រឹង​រៀន​បន្ថែម​ទៀត​ពី​ការ​សរសេរ​កូដ​ ​និង​ការ​សរសេរ​គម្រោង​អាជីវកម្ម​ ហើយ​ទោះ​បី​វា​ពិបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​យើង​នឹង​មិន​បោះ​បង់​ចោល​ទាំង​ពាក់​កណ្តាល​ទីដែរ។ ពួក​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ ​ដើម្បី​ជួយ​កសិករ​ឲ្យ​ទាល់​តែ​បាន​។»

ក្រុម​ LiGeek ​បាន​ចូល​រួម​កម្មវិធី​ Technovation Cambodia 2016 ដែលរៀបចំឡើងដោយ Development Innovation ដោយផ្តោតសំខាន់ទៅលើការបង្រៀន និងសរសេរកម្មវិធី​កុំព្យូទ័រ​ដល់​ក្មេងៗ​ស្រីៗ​ដែល​​មាន​អាយុចន្លោះពី១០ ដល់ ១៩ឆ្នាំ។ នៅក្នុងកម្មវិធីនេះដែរ «ImEx» ដែល​ជា​ app ​ជួយផ្សាភ្ជាប់​​ទំនាក់​ទំនង​រវាងកសិករ និងអ្នកប្រើប្រាស់ បានជួយឲ្យក្រុម LiGeek  ឈ្នះលេខមួយ ក្នុងកម្រិតអនុវិទ្យាល័យ។  LiGeek ​ និងបីក្រុមផ្សេងទៀតត្រូវបានជ្រើសរើសឲ្យចូលរួមបន្តក្នុងកម្មវិធី Technovation Global Challenge 2016 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ដែលមានក្រុមចូលរួមជាង៨០០ មកពីទូទាំងពិភពលោក ដើម្បីជ្រើសរើសរក១០ក្រុមចុងក្រោយសម្រាប់វគ្គផ្តាច់ព្រាត់នៅសហរដ្ឋអាមេរិក។

 

You may also see...