រឿងខ្ញុំ – ម៉ី ភារ័ត្ន

Mey-Phearoth

«អាចនិយាយបានថា ខ្ញុំ និងគ្រួសារគ្មានសំណាងក្នុងរឿងចំណាកស្រុកក៏ថាបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណូលពីការលក់ដូររបស់ម្តាយខ្ញុំ កាន់តែយ៉ាប់ទៅៗ ហើយប្រាក់បៀវត្សរបស់ឪពុកខ្ញុំតែ១០០ដុល្លារទេ។ ពេលខ្ញុំអាយុ៧ឆ្នាំ ម្តាយ​ខ្ញុំ​​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការនៅ​សហរដ្ឋ​អាមេរិក ព្រោះ​គាត់​ជឿ​តាមគេ​ថា នៅនោះ ការងារ​ក៏​ស្រួលរក ប្រាកខែក៏ខ្ពស់ ហើយមិនពិបាករស់នៅទេ។

ប៉ុន្តែ​​នៅនោះ វាមិនស្រួលដូចអ្វីដែលគេប្រាប់ទេ។ ពេលនិយាយគ្នាតាមទូរស័ព្ទម្តងៗ គាត់ប្រាប់ខ្ញុំថា គាត់​ពិបាក​រស់​នៅ​ណាស់ ព្រោះ គាត់យំសឹងរាល់យប់ ដោយសារតែនឹកពួកខ្ញុំ ហើយភាសាអង់គ្លេសគាត់ក៏មិនស្ទាត់ និង មិន​ចេះ​ញុំា​អាហារ​បរទេស​ទៀត។ ជិតដប់ឆ្នាំក្រោយមក សុខភាព​គាត់​ទ្រុឌទ្រោម​យ៉ាងខ្លាំង ហើយ​តាំង​ពី​នោះ​មក គាត់មិនអាចធ្វើការបានដូចមុនទេ។ អញ្ចឹង​គាត់​ក៏​លែង​បាន​ផ្ញើ​លុយ​មកទៀត។ ចាប់​ពី​ពេល​នោះ​មក អ៊ំខ្ញុំបានជួយចិញ្ចឹមខ្ញុំ និងប្អូនខ្ញុំ រហូតដល់ពូកយើងរៀនចប់។ អត់ពីពួកគាត់ ខ្ញុំមានតែត្រូវខំប្រឹងរៀនរស់ដោយខ្លួនឯង និងចេះទទួលខុសត្រូវដោយខ្លួនឯង។

ខ្ញុំមិនខឹង ឬស្អប់ពួកគាត់ឡើយ​ កាលដែលទុកខ្ញុំចោល តែខ្ញុំយល់ ព្រោះ​ពួក​គាត់​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រួសារ។ ខ្លួនគាត់ពិតជាពិបាកមែន ប៉ុន្តែ​ខ្ញុំ​ជា​កូន​ក៏​​រង​ផល​ប៉ះពាល់​ខាង​ផ្លូវ​ចិត្ត​សប្បើមណាស់។ គ្រួសារ​ធ្លាប់​តែកក់ក្តៅ មាន   ​ឱពុកម្តាយនៅជិត បែរទៅជារងគ្រោះ ដោយសារតែការចំណាកស្រុក។ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​គេ មិនមានរយៈពេលតែ ពីរ បីថ្ងៃទេ។ យើង​អាច​ចំណាក​ស្រុក​ដល់​ទៅ​រាប់​ឆ្នាំ ហើយ​ក្នុង​រយៈពេល​ទាំង​អស់នេះ តើនរណា នឹងមើលថែកូនៗ បើ​ឪពុក​ម្តាយ​ទៅ​ធ្វើការស្រុកគេបាត់​? វាមិនល្អសម្រាប់កូនៗទេ ព្រោះ ក្នុង​សង្គម​ខ្មែរ កូនៗ​ត្រូវ​ការ​ភាពកក់ក្តៅ និង​ការ​មើល​ថែ​ពី​ឪពុក​ម្តាយ។

ឆ្លងកាត់មេរៀនទាំងនេះ ខ្ញុំមិនចង់លើកទឹកចិត្តការធ្វើចំណាកស្រុកទេ ជាពិសេសឪពុកម្តាយ ប៉ុន្តែបើមេគ្រួសារ នៅតែចង់ធ្វើចំណាកស្រុកទៀត យើង​​គួរចេះរៀបចំផែនការជីវិត ​ ចេះស្វែងរក​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន ​ស្វែងយល់​​ពី​កន្លែង​ធ្វើការ  និងដឹងពីអ្នកដែលត្រូវទាក់ទងពេលមានបញ្ហា​ ហើយម៉្យាងទៀតគួរគិតគូរពីអនាគតរបស់កូនៗ និងសមាជិកគ្រួសារ ហើយគិតថាតើនឹងមានអ្វីកើតឡើងចំពោះពួកគេនៅពេលដែលពួកគាត់បានចាកចេញទៅ។»

ម៉ី ភារ័ត្ន អាយុ២១ឆ្នាំ មកពីទីក្រុងភ្នំពេញ។

You may also see...