រឿងខ្ញុំ – សយ បូណា

Soy-Bona

«ពេល​ចប់​បរិញ្ញា​បត្រ​ផ្នែក​វិទ្យា​សាស្ត្រ​កសិកម្ម​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ឆ្នាំ​២០០៧​ ខ្ញុំ​ក៏​បាន​ជាប់​ទៅ​រៀន​វគ្គ​ជំនាញ​ពិសេស​ ផ្នែក​កសិកម្ម​ធម្មជាតិ​ និង​គ្មាន​សារ​ធាតុ​គីមី​ពី​ប្រទេស​ជប៉ុន​រយៈ​ពេល​មួយ​ឆ្នាំ​ បន្ទាប់​មក​នៅ​ឆ្នាំ​២០០៩​-២០១០​ ខ្ញុំ​ក៏​បាន​បន្ត​ទៅ​រៀន​ឯក​ទេស​ ផ្តោត​លើ​ការ​គ្រប់​គ្រង​ កសិដ្ឋាន​ធម្ម​ជាតិ​ និង​គ្មាន​សារ​ធាតុ​គីមី​នៅ​ប្រ​ទេស​កូរ៉េ​ដើម្បី​ទទួល​បាន​ជំនាញ​ពិត​បា្រកដ​លើ​វិស័យ​នេះ​។

ដោយ​មើល​ឃើញ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ រួម​ទាំង​កម្ពុជា​ផង​ដែរ កំ​ពុង​យក​ចិត្ត​ទុក​ដាក់​ និង​ជំរុញ​លើ​វិស័យ​កសិកម្ម​ធម្មជាតិ​ (សរីរាង្គ) ដែល​គ្មាន​សារ​ជាតិ​គីមី​យ៉ាង​សកម្ម​ ហើយ​កត្តា​សុខ​ភាព ​

បម្រែ​បម្រួល​អា​កាស​ធាតុ​ បរិស្ថាន​ សុខ​ភាព​ចំណី​អា​ហារ​ ជា​ពិសេស​ការ​បាត់​បង់​ជី​ជាតិ​ដី​ដាំ​ដុះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ និង​អ័រ​ម៉ូន​បាន​ចោទ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាជន​ខ្មែរ​ទាំង​មូល​។ ខ្ញុំ​ក៏​ចង់​បង្ហាញ​ថា​យើង​ក៏​អាច​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ​បាន​ល្អ និង​ល្អ​ជាង​កសិកម្ម​ដោយ​ប្រើ​សារ​ធាតុ​គីមី​ទៅ​ទៀត​ ដូច្នេះ​ទើប​ខ្ញុំ​ចាប់​ផ្តើម​បង្កើត​កសិដ្ឋាន​ធម្មជាតិ​ខ្លួន​ឯង​។ ខ្ញុំ​ជឿ​ថា​ វិស័យ​កសិកម្ម​ធម្មជាតិ​ នឹង​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ថ្ងៃ​ខាង​មុខ​ ជាក់​ស្តែង​ទោះ​បី​ជា​តម្លៃ​វា​ថ្លៃ​ជាង​ផលិត​ផល​គីមី​ក៏​ដោយ​ ក៏​យើង​នៅ​តែ​អាច​ប្រកួត​ប្រជែង​ ហើយ​ទទួល​បាន​ជោគ​ជ័យ​ទៀត​លើ​ទីផ្សារ​បច្ចុប្បន្ន​ ដោយ​សារ​ផលិត​ផល​ប្រ​ភេទ​នេះ​គឺ​មាន​ទី​ផ្សារ​នាំ​ចេញ​ខ្លាំង​ ហើយ​ប្រ​ជា​ជន​ដែល​គាត់​មាន​ជីវ​ភាព​ចាប់​ពី​មធ្យម​ឡើង​ទៅ​ ពួក​គាត់​មាន​ការ​យល់​ដឹង​ពី​សុខ​ភាព​លើ​ការ​ហូប​ចុក​ និង​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផលិត​ផល​ធម្មជាតិ​មក​ទទួល​ទាន​បាន​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​នៅ​ខ្វះ​អ្នក​ជំនាញ​លើ​វិស័យ​នេះ​ច្រើន​ បើ​មាន​អ្នក​ជំនាញ​គឺ​យើង​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ដើម​ទុន​បាន​ច្រើន​ ដូច​ខ្ញុំ​ គឺ​ខ្ញុំ​អាច​បង្កើត​ជី​ និង​ថ្នាំពុល​ធម្មជាតិ​ដោយ​ខ្លួន​ឯង​ ខ្ញុំ​មាន​វិធី​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ដូច្នេះ​ដំណាំ​របស់​ខ្ញុំគឺ​អាច​ដាំ​បាន​មួយ​ឆ្នាំ​ពេញ​។

ក្តី​សុបិន​ក្នុង​ជីវិត​របស់​ខ្ញុំ​ គឺ​ចង់​ឃើញ​ប្រជាពល​រដ្ឋ​ ចេះ​បច្ចេក​ទេស​ និង​អាច​ដាំ​ដំ​ណាំ​តាម​បែប​ធម្មជាតិ​នេះ​តាម​គ្រួសារ​បាន​ដើម្បី​សុខ​ភាព​ក្នុង​ការ​ហូប​ចុក​ និង​ក៏​ជួយ​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​របស់​ពួក​គាត់​ផង​ដែរ​»

លោក​ សយ​ បូ​ណា​ បច្ចុប្បន្ន​ជា​ទី​ប្រឹក្សា​បច្ចេក​ទេស​កសិកម្ម​ធម្មជាតិ​ និង​ជា​នា​យក​ប្រតិបត្តិ​ មជ្ឈ​មណ្ឌល​កសិកម្ម​ធម្មជាតិ​ អេស​ ប៊ី​ អិន (SBN Natural Agriculture Center)។

You may also see...