រឿងខ្ញុំ – ស្រេង សារ៉ែន

Sreng-Saren

«បន្ទាប់ពីជាប់បាក់ឌុប ខ្ញុំបានមកភ្នំពេញ ធ្វើការជាអ្នករត់តុនៅក្នុងហាងមួយ ហើយតែងតែគិតថា​គួរ​ធ្វើ​ម៉េច​ទើប​រកលុយបង់រៀនបន្តបាន។ ខ្ញុំចង់រៀនតណាស់ ព្រោះ​វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ និងក្រុមគ្រួសារនៅក្នុងភូមិ ហើយវាជាអ្វីដែលខ្ញុំតែងតែប៉ង​​ប្រាថ្នា។ ច្រើន​ឆ្នាំ​មក​ហើយនៅភូមិខ្ញុំ កម្រមានកូនចៅអ្នកភូមិណាបានរៀនចប់វិទ្យាល័យណាស់ ហើយ​អាច​និយាយ​​បាន​ថា​ឆ្នាំ​ដែល​ខ្ញុំ​ប្រឡង វាពិសេស ព្រោះខ្ញុំ និង​កូន​ចៅ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​បាន​ប្រឡង​ជាប់​។ ម៉ែប្រាប់ថាអត់មានលុយឲ្យខ្ញុំរៀនតទេ តែខ្ញុំនៅតែចង់មកភ្នំពេញ មក​ធ្វើ​ការ​សិន។ ថ្ងៃមួយពេលកំពុងរត់តុ ម៉ែខ្ញុំបានទូរស័ព្ទមកប្រាប់ថា មានមូលនិធិមួយនៅក្នុងភូមិថា​នឹង​ផ្តល់​អាហារូបករណ៍​ដល់សិស្សណាដែលប្រឡងជាប់បាក់ឌុបក្នុងភូមិនេះ។ គ្រាន់តែទទួលដំណឹងភ្លាម ខ្ញុំ​គិតថា ខ្ញុំ​នឹង​ចុះ​ឈ្មោះ​ចូល​រៀន ថ្នាក់កុំព្យូទ័រ (ព័ត៌មានវិទ្យា) ព្រោះពេលឃើញគេចុចកុំព្យូទ័រ មើលទៅឡួយណាស់។

ដល់ពេលរៀនមែនទែន មិនដឹងថាចេះអីទេ តែខ្ញុំរៀនច្រើនណាស់។ សំណាងល្អ ថ្ងៃមួយ ខ្ញុំ​បាន​ដាក់​ពាក្យ​​ចូល​ហាត់​ការនៅអង្គការមួយ។ ពេលហ្នឹងខ្ញុំអត់ចេះច្រើនទេ តែគេនៅតែរើសយកខ្ញុំ។ ពេលគិតឡើងវិញ ខ្ញុំគិតថា អ្នក​រើសយើង គេអត់សូវគិតពីរឿងជំនាញច្រើនទេ តែគេគិតពីអត្តចរិតច្រើនជាង។ នៅនោះ ៧ខែ ខ្ញុំ​ធ្វើ​ការ​ច្រើនណាស់។ គឺ​ចាប់ពីពេលនោះមក ទើបខ្ញុំដឹងថាខ្ញុំចេះអីខ្លះ។ នៅទីនោះបុគ្គលិកម្នាក់ៗ មិន​ដែល​មើល​ងាយ​ខ្ញុំ​ទេ ហើយ​តែង​ជួយ​បង្រៀន​ខ្ញុំ​ពីរបៀបធ្វើការ ហើយពេលនិយាយជាមួយពួកគាត់ម្តងៗ ខ្ញុំដឹងថា ខ្ញុំ​ត្រូវ​ធ្វើ​អី​បន្ថែម​ទៀត។ ខ្ញុំ​មិន​ដែល​ជឿ​លើសំណាងទេ ប៉ុន្តែចាប់ពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំ​សំណាង​ណាស់​។ សំណាង​​ដែលបាន​អាហារូបករណ៍ សំណាងដែលបានចូលហាត់ការ ទោះសមត្ថភាពនៅទាប និង​សំណាង​ដែល​បាន​​ធ្វើការ​ជា​មួយ​មនុស្សមានសមត្ថភាពខ្ពស់ៗ។

ការងារហាត់ការ ជាគ្រឹះសម្រាប់ខ្ញុំយកទៅប្រើប្រាស់នៅការងារក្រោយៗទៀត ហើយតាំងពីពេលនោះមក ខ្ញុំ​មាន​ការងារ​ធ្វើរហូត ហើយខ្ញុំក៏តែងចែករំលែកទៅកាន់សហគមន៍វិញដែរ ដោយចូលរួមការងារសង្គមផ្សេងៗ ហើយ​ខ្ញុំ​និង​មិត្តភក្តិក៏បានចូលលុយគ្នា បង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ ដល់ក្មេងៗនៅស្រុកស្រែ។ ខ្ញុំបានមកដល់សព្វថ្ងៃនេះ ព្រោះ​មាន​មនុស្ស​ជុំវិញ​ជា​ច្រើន​ដែល​បាន​ជួយខ្ញុំ អញ្ចឹង​ខ្ញុំគិតថា ខ្ញុំត្រូវចូលរួមជួយគេវិញម្តង ហើយមួយទៀត ទាល់​តែ​ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ​ទៅ​ហើយ ទើបមាន​ឱកាស​ចូល​រៀន​កុំព្យូទ័រ និងភាសាអង់គ្លេស។ សម័យបច្ចុប្បន្ននេះ ត្រូវការជំនាញទាំងពីរនេះខ្លាំងណាស់​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ក្មេងៗ​មកពីខេត្ត ត្រូវរង់ចាំយូរដូចខ្ញុំឡើយ។»

ស្រេង សារ៉ែន សព្វថ្ងៃជាអ្នកបច្ចេកទេសផលិតកម្មវិធីតាមបណ្តាញអ៊ីនធឺណិតរបស់អង្គការ BBC Media Action និង ជាសហស្ថាបនិកសាលាភាសាមួយនៅខេត្តកំពង់ស្ពឺ។

You may also see...