រឿងខ្ញុំ – តុង ម៉ារីណា

Tong-Marina

«ខ្ញុំតែងគិតថា ស្រី និងប្រុស អាចធ្វើបានដូចគ្នាក្នុងវិស័យបច្ចេកវិទ្យា ហើយពេលបានចូលរួមកម្មវិធី Technovation ខ្ញុំពិតជាសប្បាយដែលអាចបង្ហាញស្នាដៃ សមត្ថភាព និង​រៀន​បាន​ច្រើន​ទៀត​ពី​វិស័យ​បច្ចេកវិទ្យា ជា​​​ពិសេស​ការ​សរសេរកូដ។ ការសរសេរកូដ ពិត​ជា​ពិបាក ហើយទោះជាសរសេរកូដបានកម្មវិធី (​App) មួយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​គិត​ថា​វា​លំបាកដែរ ប៉ុន្តែ​​ខ្ញុំ​រីករាយនឹងខ្លួនឯង ដែល​អាចសរសេរបាន និងសរសើរខ្លួនឯងដែលអាចធ្វើវាបាន។ ម្យ៉ាង កម្មវិធី Technovation ក៏ជាឱកាសសម្រាប់ខ្ញុំ និង​មិត្ត​រួម​ក្រុម​៤​នាក់​ទៀត​ចេះ​ទាំង​ការកូដ ការរៀបចំផែនការអាជីវកម្ម និងការដាក់ App ឲ្យ​ដំណើរការ។ ក្នុងនេះគ្នាខ្ញុំពីរនាក់ជាអ្នកសរសេរកូដ និង បីនាក់ទៀតជាអ្នកសរសេរគម្រោងផែនការអាជីវកម្ម។

ពេលចួលប្រកួត ពួកយើងបានបង្កើត App មួយឈ្មោះ 2to1 ដែល​អាច​ជួយ​សិស្សានុសិស្សស្វែងរកព័ត៌មានអាហារូបករណ៍នានា។ ខ្ញុំ​​យល់ឃើញ​ថា អាហារូបករណ៍​ដែល​គេ​ផ្តល់​មក​ឲ្យ​ស្រុក​ខ្មែរ​មាន​ច្រើនណាស់ ហើយ​ខ្ញុំ​តែង​​​ឃើញ​​ដំណឹង​ទាំង​អស់​​​នេះ​នៅលើប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ​នៅ​មាន​មនុស្សជា​ច្រើន​នាក់​ទៀត​ណាស់​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មានពីអាហារូបករណ៍ទាំងនោះ​។ អញ្ចឹងខ្ញុំគិតថា App នេះ​នឹង​ជួយ​សម្រួល​ការ​លំបាក​របស់​អ្នក​ដែល​ស្វែង​រក​អាហារូបរណ៍។

ខ្ញុំសប្បាយចិត្តដែលគណៈកម្មការបានសរសើរក្រុមខ្ញុំក្រោយពីធ្វើបទបង្ហាញចប់ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​អ្វី​ជាច្រើនដែលខ្ញុំ និងក្រុមត្រូវរៀនទៀតដែរ។»

តុង ម៉ារីណា អាយុ១៦ឆ្នាំ តំណាងក្រុម New Sunrise មកពីសាលា New York International School ចូល​រួម​កម្មវិធី​ Technovation Cambodia 2016 ដែលរៀបចំឡើងដោយ Development Innovation ដោយផ្តោតសំខាន់ទៅលើការបង្រៀន និងសរសេរកម្មវិធី​កុំព្យូទ័រ​ដល់​ក្មេងៗ​ស្រីៗ​ដែល​​មាន​អាយុចន្លោះពី១០ ដល់១៩ឆ្នាំ។ 2to1 ដែលជា App បង្កើតដោយក្រុមគាត់បានជួយពួកគាត់ឲ្យឈ្នះលេខ១ ក្នុងកម្រិតវិទ្យាល័យ។​ New Sunrise ​ និងបីក្រុមផ្សេងទៀតត្រូវបានជ្រើសរើសឲ្យចូលរួមបន្តក្នុងកម្មវិធី Technovation Global Challenge 2016 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ដែលមានក្រុមចូលរួមជាង៨០០ មកពីទូទាំងពិភពលោក ដើម្បីជ្រើសរើសរក១០ក្រុមចុងក្រោយសម្រាប់វគ្គផ្តាច់ព្រាត់នៅសហរដ្ឋអាមេរិក។

You may also see...