រឿងខ្ញុំ – វណ្ណ សក្កិ

Van-Sak

«ពី​ក្មេង​ជូត​ឡាន​ធម្មតា​ទៅ​ជា​អ្នក​លក់​ឡាន​ និង​ជា​បុគ្គ​លិក​នៅ​ក្នុង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ​ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅ​តែ​មាន​មហិច្ឆតា​ ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​អ្វីៗ​គ្រប់​គ្រាន់​ដែល​ត្រូវ​ការ​ ហើយ​នៅ​តែ​ខ្លាច​ភាព​ក្រី​ក្រ។ កាល​អាយុ​២០​ឆ្នាំ​ ខ្ញុំ​រៀន​ក៏​មិន​ពូ​កែ​ ការ​ងារ​ក៏​គ្មាន​ធ្វើ​ ហើយ​ដើរ​លេង​ច្រើន​ទៀត​ តែ​​ក្រោយ​ពី​បាន​ចូល​ធ្វើការ​នៅ​ការ៉ាស់​ឡាន​ គេ​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​ដែរ​។ និ​យាយ​ទៅ​ ពី​ដំបូង​រាង​ខ្ជិល​ដែរ​ តែ​ចេះ​តែ​ធ្វើ​ទៅ​ គឺ​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លុយ​ដើរ​លេង​។ អត់​ទាន់​គិត​ថា​រក​ទុក​ទេ​។ បើ​ខ្ជិល​អត់​បាន​លុយ​ អញ្ចឹង​ចេះ​តែ​ប្រឹង​ទៅ​។ គេ​ឲ្យ​ខ្ញុំ​ជូត​ឡាន​ក៏​ខ្ញុំ​ធ្វើ​ គេ​ឲ្យ​ខ្ញុំ​លាង​ឡាន​ក៏​ខ្ញុំ​ធ្វើ​ គេ​ឲ្យ​ខ្ញុំ​ជួយ​លក់​ឡាន​ក៏​ខ្ញុំ​ធ្វើ​ និយាយ​ទៅ​បទ​ពិសោធន៍​ធ្វើ​ការ​ឲ្យ​គេ​ហ្នឹង​ហើយ​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​ការ​ និង​ ចេះ​មាន​គំនិត​ខ្ចី​លុយ​គេ​ យក​ទៅ​ទិញ​ឡាន​លក់​ជា​ដើម​។

ធ្វើ​ការ​យូរៗ​ទៅ​ ខ្ញុំ​ក៏​បែក​គំនិត​ ហើយ​កាត់​បន្ថយ​ការ​ដើរ​លេង​ និង​ការ​ចំណាយ​លើ​រឿង​អត់​សំខាន់​ផ្សេងៗ។ ខ្ញុំ​គិត​ថា ​បើ​ទុក​ពេល​គិត​តែ​ដើរ​លេង​ផឹក​ស៊ី​សប្បាយ​រាល់​ថ្ងៃ​ តើ​ពេល​ណា​ទើប​មាន​លុយ​ មាន​អនាគត។ ទោះ​ខ្ញុំ​មិន​ទាន់​មាន​ក្រុមហ៊ុន​ខ្លួនឯង​ក៏​ដោយ​ក៏​ខ្ញុំ​ជា​បុគ្គលិក​ម្នាក់​ដ៏​សំខាន់​​​ក្នុង​ក្រុម​ហ៊ុន​ដែល​ខ្ញុំ​ធ្វើការ​រាល់​ថ្ងៃ​។​ ក្នុង​រយៈ​ពេល​ជាង​៥​ឆ្នាំ​ក្នុង​ការ​ងារ​ ខ្ញុំ​បាន​រៀន​ពី​របៀប​ធ្វើ​ការ​ របៀប​លក់​ឡាន​ របៀប​មើល​ឡាន​ និង​ចេះ​​ទិញ​ឡាន​ដែល​ល្អ​ហើយ​ថោក​។ ខ្ញុំ​ក៏​ទៅ​រៀន​ពី របៀប​រៀប​ចំ​ទំនិញ ការ​លើក​ដាក់​ទំនិញ​នៅ​ផែ​ និង​របៀប​រត់ការ​ក្រ​ដាស​ស្នាម​ផ្សេងៗ​ដែល​ចាំ​បាច់​ក្នុង​ជំនួញ​នេះ​។

ឆ្លង​តាម​បទ​ពិសោធន៍​ ពេល​ធ្វើ​ការ​ យើង​គួរ​ធ្វើ​ជា​មួយ​មេ​ដែល​ខ្លាំង​ ព្រោះ​មេ​ដែល​ខ្លាំង​ហើយ​ចេះ​រក​ស៊ី​ អាច​ជួយ​បង្ហាញ​ផ្លូវ​យើង​ និង​យោ​បល់​ល្អៗ​ជា​ច្រើន​។ ពិ​សេស​មួយ​ទៀត​គឺ​ យើង​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ ចេះ​ប្រើ​ប្រាស់​សម្តី​ក្នុង​ការ​ទំនាក់​ទំនង​ និង​មិន​ភ្លេច​កំណើត​។ ខ្ញុំ​អត់​មាន​ការ​សម្ងាត់​អី​ទេ​ក្នុង​ការ​រក​ស៊ី តែ​ខ្ញុំ​ចាប់​ផ្តើម​ជា​មួយ​ដៃ​គូ មក​ចូល​ភាគ​ហ៊ុន​ជា​មួយ​ខ្ញុំ​ ព្រោះ​ខ្ញុំ​អត់​មាន​សមត្ថភាព​ធ្វើ​ម្នាក់​ឯងទេ ហើយ​ដៃ​គូ​គឺ​ជា​បង​ប្អូន​ខ្ញុំ​ដែរ​ ព្រោះ​ពួក​គាត់​ទុក​ចិត្ត​ខ្ញុំ។ ម្យ៉ាង សម្តី​អាច​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ ឬ​ស្អប់​គ្រប់​ពេល​វេលា​។ អញ្ចឹង​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​សម្តី​ ចេះ​រាក់​ទាក់​ និង​និយាយ​ដោយ​ការ​គោ​រព។ ហើយ​ពេល​មាន​បាន​ មិន​ត្រូវ​ភ្លេច​កំណើត​ដើម​ឡើយ​ គឺ​ត្រូវ​ចេះ​ចែក​រំលែក​បទ​ពិសោធន៍​ ជា​មួយ​មិត្ត​ភក្តិ​ដែល​មិន​ទាន់​ជោគ​ជ័យ​ និង​បើក​ចិត្ត​ឲ្យ​ទូ​លាយ មិន​វាយ​ឫក​ដាក់​គេ​ឯង​។ »

វណ្ណ សក្កិ សព្វថ្ងៃធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូននៅខេត្តព្រះសីហនុ។

You may also see...